នាពេលបច្ចុប្បន្នគេសង្កេតឃើញថា ការក្លាយខ្លួនជាតារា គឺជាបំណងប្រាថ្នាដ៏ធំមួយរបស់យុវជនយុវតី តែអ្វីដែលជាភាពអសកម្មនៅក្នុងរឿងនេះ ត្រូវបានគេលើកឡើងជារឿយៗថា ការដោះដូរខ្លួនប្រាណរបស់យុវជនយុវតី ដើម្បីបានក្លាយខ្លួនជាតារាបាននិងកំពុងរីកសាយកាន់តែធំនៅក្នុងសង្គមសិល្បៈខ្មែរ តាមរយៈការចូលប្រឡងកម្មវិធីសិល្បៈមួយចំនួន និងតាមរយៈការបោកបញ្ឆោតរបស់មេខ្យល់។ តែយ៉ាងណា អ្នកជំនាញមានភាពស្ទាក់ស្ទើរនៅក្នុងការបកស្រាយ។
ភាពអសកម្មជាច្រើនត្រូវបានលេចឡើងនៅក្នុងការប្រឡងជ្រើសរើសពន្លកសិល្បករជំនាន់ក្រោយ ហើយត្រូវបានគេលើកយកមកនិយាយ។ សិល្បករវ័យក្មេងមួយចំនួន (សុំមិនបង្ហាញអត្តសញ្ញាណ) បានឲ្យដឹងថា ការប្រឡងមួយចំនួន ទាមទារឲ្យបេក្ខជនបេក្ខនារីមួយចំនួនហ៊ានលះបង់ខ្លួនប្រាណ ដើម្បីបានក្លាយជាបេក្ខជន ឬបេក្ខនារីចុងក្រោយ ដែលទទួលបានចំណាត់ថ្នាក់ល្អ ឬជ័យលាភីប្រចាំកម្មវិធី។ ក្នុងករណីនេះ ប្រសិនបើបេក្ខជន ឬបេក្ខនារីរូបណា ហ៊ានលះបង់ខ្លួនប្រាណនោះ ប្រាកដណាស់ថា ពួកគេនឹងអាចទទួលបានលទ្ធផលល្អណាមួយក្នុងចំណោមនោះ។ ប៉ុន្តែយ៉ាងណា ពួកគេបានបញ្ជាក់ថា ទង្វើនេះមិនកើតឡើងគ្រប់កម្មវិធីនោះទេ។
យុវជនម្នាក់ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធីជ្រើសរើសតារាម៉ូដែលម្នាក់បានឈប់ចូលប្រឡងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលដែលអ្នកគ្រប់គ្រងកម្មវិធី (ប្រុសស្រឡាញ់ប្រុស) បាននិយាយដល់ចំណុចនៃការដោះដូរខ្លួនប្រាណដើម្បីបានចំណាត់ថ្នាក់ល្អ។
ដោយឡែក ករណីមួយចំនួនទៀត គេសង្កេតឃើញថា ដោយសារតែចង់ក្លាយខ្លួនជាតារាសម្រេចបំណងរបស់ខ្លួន ឬក៏ស្រឡាញ់សិល្បៈពេក យុវជនយុវតីមួយចំនួនទៀត ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទៅតាមការបញ្ជា ឬក៏ស្នើសុំរបស់មេខ្យល់ ឬក៏សិល្បកររៀមច្បងមួយចំនួន។ កន្លងមកធ្លាប់មានយុវតីមួយចំនួនត្រូវបានមេខ្យល់ ឬសិល្បកររៀមច្បងយកទៅលក់ ឬក៏ឲ្យគេងជាមួយនឹងបុរសមានលុយ ឬក៏តាតា ដោយសន្យាថា នឹងឲ្យយុវតីរូបនោះក្លាយខ្លួនជាតារាចម្រៀង ឬក៏សម្តែងនៅក្នុងផលិតកម្មណាមួយ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងនាង អូ រស្មី ដែលភាគច្រើនច្រៀងឲ្យផលិតកម្មខ្មែរនៅបរទេសរូបនេះ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃសៅរ៍ ទី១៨ មករា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ៤ និង ៣០ នាទី នៅនឹងផ្ទះរបស់នាងក្នុងបុរីពិភពថ្មី នៅផ្លូវ វេងស្រេង ក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដែលអះអាងថា តារាចម្រៀងរូបនេះ បានលួងលោមកូនស្រីរបស់គាត់ យកទៅឲ្យរួមភេទជាមួយអាណិកជនជាថ្នូរថានឹងនាំចូលសិល្បៈ និងជួយឲ្យក្លាយទៅជាតារាល្បី។
ស្រដៀងគ្នានោះដែរ កាលពីព្រឹកថ្ងៃ ទី០៦ មីនា ឆ្នាំ២០១៤ កន្លងមកនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នទៅលើតារាចម្រៀងប្រចាំក្លិបកម្សាន្ត ថោន ម្នាក់ ឈ្មោះ ជុំ សម្ផស្ស ហៅ ចេស្តា ភេទប្រុស អាយុ ៣០ឆ្នាំ ក្រោមបទចោទប្រកាន់ថា បានរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ជាថ្នូរនឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។ នាងរងគ្រោះបានបញ្ជាក់ប្រាប់ម្តាយថា នាងចាញ់បោកអស់ព្រហ្មចារីជាមួយអ្នកចម្រៀងម្នាក់នោះ ព្រោះនាងចង់ក្លាយជាតារាចម្រៀង។
ចំណែកឯថៅកែហាងសម្អាងការ មីកាហ្សា ដ៏ល្បីឈ្មោះនាង ចាន់ ស្រីណុច ហៅ ចែមុំ ក៏ត្រូវបានគេឲ្យដឹងថា មានការពាក់ព័ន្ធនឹងការដឹកញីបន្ស៊ីឈ្មោល ពិសេសនាំនារីវ័យក្មេងឲ្យជួបនឹងបុរសមានលុយមានទ្រព្យជាថ្នូរនឹងការជួយឲ្យមានភាពល្បាញល្បី ខណៈនាងអះអាងថា ខ្លួនស្គាល់តារា និងអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ល្បីៗជាច្រើនរូបដែលអាចជួយបាន។
ថ្មីៗកន្លងទៅនេះ ភ្នំពេញ ប៉ុស្តិ៍ ក៏បានទទួលអ៊ីមែលអនាមិកមួយ ដោយអ៊ីមែលនោះ បានលើកឡើងពីភាពអសកម្មមួយចំនួននៅទូរទស្សន៍មួយចំពោះសិល្បករមិនសូវល្បីមួយចំនួន បើចង់ល្បី ឬបានតំណែងនៅក្នុងកម្មវិធីណាមួយ ត្រូវប្រគល់ខ្លួនឲ្យអ្នកគ្រប់គ្រងកម្មវិធី។ តែរឿងនោះអ្នកគ្រប់គ្រងដែលគេប្រាប់ទាំងឈ្មោះទៀតនោះបានធ្វើការបដិសេធភ្លាមៗចំពោះការលើកឡើងបែបនេះផងដែរ។
ទង្វើនៃការដោះដូរខ្លួនប្រាណដើម្បីបានភាពល្បាញល្បីដើរលើវិថីតារានេះ ត្រូវបានគេលើកឡើងថា កំពុងមានការរីកដុះដាលនៅក្នុងវិស័យសិល្បៈកម្ពុជា ខណៈមេខ្យល់ជាច្រើនកំពុងបន្តធ្វើរឿងនេះ ហើយក៏ត្រូវបានសមត្ថកិច្ចស៊ើបអង្កេតដែរ។
ប៉ុន្តែ យ៉ាងណា លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈខ្មែរ មិនហ៊ានអះអាងថា ព័ត៌មាននេះពិតប្រាកដក្នុងកម្រិតណាមួយនោះទេ។
លោក សុះ ម៉ាច បាននិយាយដែរថា៖ «ចំពោះការដោះដូរខ្លួនប្រាណ ដើម្បីបានក្លាយតារានៅក្នុងកម្មវិធីប្រកួតអីនោះ ខ្ញុំក៏ធ្លាប់បានឮដែរ ប៉ុន្តែខ្ញុំក៏មិនហ៊ានអះអាងថា ពិតយ៉ាងណានោះដែរ ព្រោះពេលខ្លះវាក៏ជាពាក្យចចាមអារ៉ាម។ ចំណុចខ្លះក៏ខ្ញុំធ្លាប់ឮដែរ តែការដោះដូរនោះ ពេលខ្លះបេក្ខជន បេក្ខនារី ពួកគាត់ព្រមដោយខ្លួនឯង»។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើការដោះដូរពិតជាមានការកើនឡើងដូចគេលើកឡើងនោះ វាជារឿងគួរឲ្យសោកស្តាយបំផុត ហើយខ្ញុំក៏សុំឲ្យយុវជនយុវតីយើងគិតពិចារណាឡើងវិញ ព្រោះយើងជាសិល្បករមាននាទីជួយលើកស្ទួយ និងអភិវឌ្ឍសិល្បៈ មិនមែនបំផ្លាញ ឬក៏ធ្វើឲ្យអាប់ឱនសិល្បៈនោះទេ»។
លោក គួច ខេវិន ប្រធានគ្រប់គ្រងកម្មវិធីជើងចាស់តាំងពីទូរទស្សន៍ស៊ីធីអិន ហើយពេលនេះ លោកជាអគ្គនាយកទូរទស្សន៍ ETV ដែលគ្រោងចាក់ផ្សាយនៅពេលខាងមុខនេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានៃការលើកឡើងនេះ លោកក៏ធ្លាប់បានឮដែរ ប៉ុន្តែធាតុពិតនៅក្នុងកម្មវិធីដែលលោកធ្លាប់គ្រប់គ្រងកន្លងមក ដូចជា មិនមានរឿងបែបនេះទេ។ លោកបានបញ្ជាក់ថា ពាក្យចចាមអារ៉ាមនោះ ពេលខ្លះអាចកើតឡើងពីបេក្ខជន ឬបេក្ខនារី ដែលចូលប្រឡង តែមិនទទួលបានជោគជ័យ។
លោក ខេវិន និយាយលើកហេតុផលថា៖ «ខ្ញុំក៏ធ្លាប់ឮច្រើនដែររឿងនេះ តែមិនដែលបានជួបផ្ទាល់នោះទេ។ ពេលខ្លះខ្ញុំគិតថា វាអាចកើតឡើងពីអ្នកចូលរួមប្រឡងតែធ្លាក់ ព្រោះកម្មវិធីប្រកួតម្តង មានអ្នកចូលប្រឡងពី ២០០០ ទៅ ៣០០០ នាក់តែរើសសម្រេចលទ្ធផល តែ ២-៣ នាក់ ដូច្នេះអ្នកដែលធ្លាក់ខ្លាចខ្លួនអន់ ឬក៏ខ្មាសគេក៏និយាយបែបនេះតែម្តងទៅ»។ លោកបញ្ជាក់ថា៖ «អ្វីៗគឺនៅលើខ្លួនយើង»។
ដោយឡែកនៅក្នុងវិស័យភាពយន្តក៏មានគេលើកឡើងផងដែរថា យុវជនយុវតីមួយចំនួនដែលមានរូបសម្រស់ស្អាតស្រស់សោភា ដែលចង់ចូលប្រឡូកក្នុងវិស័យសិល្បៈ ឬក៏ចង់បានតំណែងតួសំខាន់ណាមួយនោះ ក៏មានការដោះដូរខ្លួនប្រាណផងដែរ ដែលពេលខ្លះមានការទាមទារពីថ្នាក់ដឹកនាំ តែពេលខ្លះក៏មានការយល់ព្រមពីសាមីខ្លួនដែលចង់ល្បីដែរ។ តែកន្លងមកពេលលើកឡើងពីភាពអសកម្មទាំងនោះ ទាំងអ្នកដឹកនាំរឿង និងតួសម្តែងតែងធ្វើការបដិសេធ។
ជុំវិញការលើកឡើងនៃការដោះដូរខ្លួនប្រាណបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកន្លងមកក៏មិនធ្លាប់ឃើញចាត់វិធានការណាមួយជាដុំកំភួន ឬក៏ណែនាំនោះដែរ។ នៅពេលមានការចោទសួរចំពោះរឿងនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងយ៉ាងដូច្នេះថា នោះអាចជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាលោកស្រី ក៏មិនបានបដិសេធទាំងស្រុងនោះដែរ។
លោកស្រី សកុណា បានមានប្រសាសន៍ថា៖ «រឿងហ្នឹងប្រហែលជាពាក្យចចាមអារ៉ាមទេ បើពិតដូចជាគេនិយាយមែននោះ ងាប់អស់ហើយ។ តែបើមានក៏មានតិចតួចប៉ុណ្ណោះ»។
លោកស្រីបានបញ្ជាក់ថា៖ «ប្រសិនជាមានរឿងបែបនោះមែន ក្រសួងនឹងចាត់វិធានការភ្លាម ហើយនឹងធ្វើការណែនាំដល់ស្ថាប័នដែលពាក់ព័ន្ធផងដែរ»៕
យ៉ាងណាមិញ គេហទំព័រ Khmer Show ក៍សូមផ្តាំផ្ញើរទៅដល់យុវជន យុវតី ទាំងអស់គ្នាដែលមានបំណងចង់ក្លាយជាអ្នកសិល្បះ ចង់ក្លាយជាតារាសម្តែង តារាចម្រៀង និងតារាបង្ហាញម៉ូតទាំងអស់ថា សូមគិតអោយបានវែងឆ្ងាយ មុននឹងទុកចិត្តអ្នកណាម្នាក់។ បើមានអ្នកណាម្នាក់សន្យាថានឹងជួយអ្នកអោយល្បី ឬក៍អោយក្លាយជាតារាក្នុងសិល្បះ ដោយតម្រូវអោយអ្នកដោះដូរជាមួយខ្លួនប្រាណ នោះសូមគិតសិនថា «បើសិនជាអីចឹងមែន នោះគេនាំប្អូនស្រីឬក៍ប្អូនប្រុស របស់គេចូលល្បីប្រសើរជាងបាត់ទៅហើយ»។ កុំភ្លេចចុចShareមួយផង ដើម្បីអោយយុវជនយុវតីខ្មែរមានការប្រុងប្រយ័ត្ន។
។ប្រភព៖ postkhmer.com