
ប្រភពពីស្ត្រីវ័យចំណាស់ម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ គេបានឃើញស្ត្រីវ័យក្មេងរូបនេះបានធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ១៩៣ តែម្នាក់ឯង ឡើងមកផ្លូវលេខ២៧១ ក្នុងអាការៈហេវហត់យ៉ាងខ្លាំង ។ លុះដល់ចំណុចខាងលើក៏ដួលដេកទៅលើដីតែម្តង និងបង្កអោយមានការភ្ញាក់ផ្អើល ធ្វើដំណើរតាមផ្លូវ ទៅចោមរោមមើល ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលស្ត្រីរងគ្រោះនោះ ដួលដេកទៅលើផ្លូវនោះ គឺនាងនៅនិយាយបានតិចៗ ហើយក៏បាន សួរនាំនាងឱ្យដឹងពីមូលហេតុ ហើយត្រូវនាងប្រាប់ថា នាងមកពីស្រុកមេមត់ ខេត្តកំពង់ចាម ជាក្មេងកំព្រាឪពុកម្តាយ មានបងប្អូនស្រីចំនួនពីរនាក់ នាងជាកូនទី២ នាងត្រូវបានបុរសពីរនាក់ នាំមកកាន់ក្រុងភ្នំពេញកាលពីថ្ងៃទី១៩ កុម្ភៈ ដោយបានប្រាប់ថា នាំមកដើម្បីរកទិញសម្លៀកបំពាក់ឱ្យ និងបាននាំនាងទៅដេកនៅផ្ទះសំណាក់មួយកន្លែង នៅយប់ថ្ងៃដដែលនោះ។

នាងបន្តថា ក្នុងយប់នោះរូបនាងក៏ត្រូវបានបុរសទាំងពីរនាក់នោះ នាំគ្នាចាប់រំលោភជាច្រើនដង។ និយាយមិនបានប៉ុន្មាន ដោយអាការៈមានសភាពហេវហត់ខ្លាំងពេក ក៏បណ្តាលឱ្យនាងសន្លប់បាត់ស្មារតីតែម្តង ។ ក្រោយពីនាងសន្លប់ពួកគាត់ក៏បាននាំគ្នាលើកយកទៅដាក់ក្រោមម្លប់ឈើ នៅរបងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានទូរស័ព្ទទៅរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក អោយចុះមកធ្វើការត្រួតពិនិត្យផង ។

ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចុះមកដល់កន្លែងដែលស្ត្រីវ័យក្មេងរងគ្រោះដេកសន្លប់រួចហើយ ដោយឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៍បញ្ជូននាងតាមម៉ូតូរ៉ឺមកកង់បីទៅធ្វើការសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ប្រភព៖ kohsantepheapdaily.com.kh