សេង សូណា
បានបង្ហាញពីក្តីត្រេកអរជាខ្លាំងក្នុងពេលដែលរូបនាងត្រូវបានជ្រើសរើសឲ្យសម្តែងជាមួយតារាហូលីវូដ
ព្រោះឃើញថាសមតាមបំណងប្រាថ្នារបស់នាងហើយ ។
មួយរយៈមុននេះ តារាសម្តែងមានដើមទ្រូងសិចស៊ី សេង សូណា
ដែលហាក់ស្ងប់ស្ងាត់ឱកាសក្នុងការថតភាពយន្តបានឲ្យដឹងថា
ពេលនេះនាងសប្បាយចិត្តជាខ្លាំងដែលបានសម្រេចបំណងព្រោះមានឱកាសក្នុងការសំដែងភាពយន្តវិញហើយ
ដោយក្នុងនោះបានសំដែងប៉ះនឹងតួប្រុសមកពីប៉ែកអឺរ៉ុប ។
សេង សូណា បានបកស្រាយថា «ពេលនេះខ្ញុំបានសម្រេចមហិច្ឆតាខ្ញុំហើយ
ដែលបានថតជាមួយតួហូលីវូដល្បីៗមកពីអាមេរិក
ដែលតួប្រុសទាំងនោះរូបសង្ហាហើយសុទ្ធតែតួល្បីៗទៀតផង» ។
ប៉ុន្តែនាងក៏បានអះអាងថា «រឿងដែលខ្ញុំសម្តែងថ្មីនេះ
មិនមែនជាភាពយន្តបែបស្រើបស្រាលនោះទេ
ហើយបើទោះជារឿងបែបនោះក៏ខ្ញុំមិនទទួលថតដែរ
យ៉ាងណាខ្ញុំជាកូនខ្មែរ គោរពប្រពៃណីខ្មែរដែរ ។ ភាពយន្តនោះ
ជាភាពយន្តដែលក្នុងសាច់រឿងលើកឡើងអំពីសេដ្ឋីបរទេស
ក្រោយពីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក លុះមកដល់ស្រុកខ្មែរ
ជួបគ្រោះលិចកប៉ាល់ ទើបបានជួបស្នេហាជាមួយតួអង្គខ្ញុំ
ដែលសម្តែងក្នុងរឿងជាសង្សាររបស់តួឯកជនជាតិបរទេសនោះ» ។
សេង សូណា ធ្លាប់បានបង្ហាញមហិច្ឆតាលើអាជីពសិល្បៈខ្លួនថា
«បើជ្រុលឈ្មោះជាតារាសិចស៊ី បើមានឱកាសថតជាមួយកុនហូលីវូដ
ទោះជារឿងបែបស្រើបស្រាលក៏មិនញញើតដែរ» ។
តែពេលនេះបើទោះបានសម្តែងជាមួយតួប្រុសបរទេសទាំងបីនាក់
ហើយក៏ជាតួល្បីៗមកពីអាមេរិក
ក៏រឿងស្នេហាក្រៅឆាកនាងមិនអាចទទួលយកបានឡើយ ។
ទោះយ៉ាងណា នាងក៏ទទួលស្គាល់ដែរថា
«ព្រោះតែទើបមានឱកាសសម្តែងជាមួយតួហូលីវូដ
ទើបនាងមិនហ៊ានឈប់ដើម្បីធ្វើខួបកំណើតដែរព្រោះថ្ងៃចេញថតដំបូងចំថ្ងៃខួបកំណើត
សុខចិត្តមិនធ្វើកម្មវិធីខួបនោះទេ គឺលុបចោល
ដើម្បីរក្សាឱកាសមាសនេះ ៕


